Wednesday, April 1, 2015

កម្មករ​វៀតណាម​ និង​អាជ្ញាធរ​ដុតបំផ្លាញ​ខ្ទម​ជនជាតិ​ភាគតិច

មណ្ឌលគិរីៈ កម្មករ​វៀតណាម​ និង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​កែវសីមា ប្រមាណ​ជា ៧០ នាក់ ​បាន​ដុត ​និង​ឈូស​​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦​ ខ្នង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ វៀតណាម។
កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ក្នុង​ស្រុក​កែវសីមា​ រួម​នឹង​កម្មករ​វៀតណាម​របស់​ក្រុមហ៊ុន​ប៊ិនភៀក​ ១ បាន​សហការ​គ្នា​ដុតបំផ្លាញ និង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ខ្ទម និង​រោង​ស្នាក់នៅ​របស់​អ្នកភូមិ​ចំនួន ១៣៦ ខ្នង​កាលពី​រសៀល​ថ្ងៃ​អង្គារ នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា។ នេះ​បើ​​តាម​ការអះអាង​របស់​អ្នកភូមិ និង​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី។
ម្ចាស់​ខ្ទម​ម្នាក់​ឈ្មោះ​ម៉ម សារ៉ុត​អាយុ​ ៣១ ​ឆ្នាំ​បាន​ថ្លែង​ថា៖ ​«វៀតណាម​ប្រហែល​ជា ៤០ នាក់​ទៅ​ដល់​ដុត ហើយ​យក​អាអិច​ឈូស​តែ​ម្តង។ មាន​កម្លាំង​ប៉ូលិស​ឈរ​ចាំ​ជួយ​ការពារ​កុំ​ឲ្យ​ម្ចាស់​ខ្ទម​​ចូល​ទៅ​ជិត»។
អង្គការ​អាដហុក បាន​ហៅ​សកម្មភាព​ដុតបំផ្លាញ​នោះ​ថា ជា​វិធានការ «ក្តៅគគុក» ​នៅលើ​ដី​ជម្លោះ​ពី​សំណាក់​ក្រុម​កងកម្លាំង​ប្រដាប់អាវុធ និង​​មន្ត្រី​ស្រុក​កែវសីមា ដែល​សហការ​ជាមួយ​កម្លាំង​ក្រុមហ៊ុន​។ កម្លាំង​ទាំងនោះ​មាន​ប្រមាណ​ជា ៧០ នាក់​រួមមាន ប៉ូលិស អាវុធហត្ថ ទាហាន​​មន្ត្រី​សាលាស្រុក និង​កម្លាំង​​ក្រុមហ៊ុន​វៀតណាម​ជាច្រើន​នាក់​ផ្សេង​ទៀត។ ក្រៅពី​នោះ​ក៏​នៅ​មាន​ឡាន​បាញ់​ទឹក​ ១ ​គ្រឿង ឡាន​សៀរ៉ែន​ ១ គ្រឿង និង​គ្រឿងចក្រ​ផ្សេងៗ​ទៀត​ផង​ដែរ។

លោក ​សារ៉ុត ​បាន​បន្ថែម​ថា ពួកគាត់​ ២១១ គ្រួសារ ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​សង់​ខ្ទម និង​រោង​ស្នាក់នៅ​ចំនួន​ ១៧២ ​ដើម្បី​ការពារ​ដី​កុំ​ឲ្យ​ក្រុមហ៊ុន​ប៊ិនភៀក ១ ឈូសឆាយ​រំលោភ​យក។ ប៉ុន្តែ​​ក្រុមហ៊ុន និង​កម្លាំង​ចម្រុះ បាន​ប៉ុនប៉ង​ដុត​បំផ្លាញ​ទាំងអស់ ហើយ​ពួកគាត់​ជាង​ ៦០ ​នាក់​​បាន​ចេញ​ទៅ​រារាំង​ទើប​គេ​ព្រម​ឈប់​បន្ទាប់ពី​ដុត​អស់ ១៣៦ ខ្ទម និង​រោង​​មក។
លោក សុក រដ្ឋា​ អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី បាន​​ឲ្យ​ដឹង​ថា អាជ្ញាធរ និង​ក្រុមហ៊ុន មាន​ជម្រើស​ផ្សេង​ក្រៅពី​ការប្រើ​វិធានការ​​ហិង្សា​ និង​ក្តៅ​បែប​នោះ​ដើម្បី​រក​ដំណោះស្រាយ ព្រោះ​ថា​ ដី​នោះ​ជា​ដី​មាន​ជម្លោះ ដែល​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច។ លោក​រដ្ឋា បាន​បន្ត​ថា៖ «​នេះ​ជា​ការដុតបំផ្លាញ​លើក​ទី​ ពីរ ​ហើយ ដែល​អាជ្ញាធរ​គួរតែ​បញ្ឈប់​វិធានការ​ហិង្សា​នេះ​ ហើយ​ងាក​មក​រក​ការចរចា​វិញ។ ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា​គួរតែ​គោរព​ច្បាប់ និង​យោគយល់​ដល់​ជនជាតិ​ដើម ហើយ​កាត់​ផលប៉ះពាល់​ចេញ»។
ទោះ​យ៉ាងណា លោក ញ៉ែម វ៉ាន់នី​ ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ថា ដី​នោះ​ គឺជា​ដី​ក្រុមហ៊ុន​ប៊ិនភៀក ១​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ដើម្បី​ដាំ​កៅស៊ូ។ ប៉ុន្តែ​បន្ទាប់ពី​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ​រួច ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​ចាប់​យក​ដី​អនាធិបតេយ្យ ហើយ​ក្រុមហ៊ុន​បាន​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​​ចាត់វិធានការ​តាម​ច្បាប់​ ដើម្បី​យក​ដី​ធ្វើការ​ដាំដុះ​តាម​ផែនការ។
លោក​ស្នងការ​បាន​បញ្ជាក់​ថា​៖ «​អាជ្ញាធរ​បាន​ជូន​ដំណឹង​​ជាច្រើន​លើក​ច្រើនសា​​ហើយ​ក្នុង​រយៈពេល ២ ​ឆ្នាំ​នេះ​ឲ្យ​គាត់​រុះរើ​ចេញ តែ​ពួកគាត់​មិនព្រម មិន​ដឹង​មកពី​ណា​ពីណី​ខ្លះ​ទេ ច្រើន​ណាស់ ទើប​កម្លាំង​ចុះ​ទៅ​តាម​សំណូមពរ​របស់​ក្រុមហ៊ុន​»៕
ប្រភព ៖ ភ្នំពេញប៉ុស្តី

No comments:

Post a Comment